យុទ្ធសាស្ត្រថ្នាំកាដូទី 2 ឬទី 4បែរជាត្រូវរងការរិះគន់យ៉ាងខ្លាំងជាពិសេសការរិះគន់ពីខាងអង្គការសុខភាពពិភពលោក


ដោយសារ​មាន​មជ្ឈមណ្ឌល​សុខភាព​សាធារណៈ​ក្នុង​ភូមិស្រុក ដោយសារ​បាន​បញ្ជា​ទិញ​ថ្នាំ​បង្ការ​កូវី​១៩ តាំង​ពីផ្ទុះ​ជំងឺ​រាតត្បាត​​ដំបូង​ភ្លាម និង​ដោយ​សារ​មាន​វប្បធម៌​ចាក់​ថ្នាំ​បង្ការ ស៊ីលី​ជាប្រទេស​បាន​ចាក់​ថ្នាំបង្ការ​កូវីដ​១៩​បាន​ច្រើន​ជាង​បង្អស់​មួយ​នៅ​លើ​ពិភពលោក។ ជិត​ពីរដូស​កន្លះ​ជា​មធ្យម​សម្រាប់​ប្រជាពលរដ្ឋ​១០០នាក់។ ពិត​ជា​តួលេខ​ដ៏​ខ្ពស់​ខ្លាំង​ដល់​កំពូល​តែម្តង​ក្នុង​ចំណោម​បណ្តាប្រទេស​ក្នុង​អង្គការ​កិច្ចសហប្រតិបត្តិការ​និងអភិវឌ្ឍន៍​សេដ្ឋកិច្ច OCDE។

ហើយ​អាជ្ញាធរ​ស៊ីលី​ មិន​បង្អង់​សកម្មភាព​ទេ។ តាំងពីខែមករា​មក​ ស៊ីលី​បាន​ចាប់​ផ្តើម​ ចាក់​ដូស​ជំរុញ​ទីពីរ ឬត្រូវ​ជា​ដូស​ទីបួន ដល់​អ្នក​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធការពារខ្លួន និង​ដល់​ក្រុម​បុគ្គលិក​សុខាភិបាល។ យុទ្ធនាការ​ចាក់​ដូស​ទីបួន សម្រាប់​ពលរដ្ឋ​អាយុ​លើ​សពី ៥៥ឆ្នាំ ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ ចន្ទទី ៧កុម្ភៈ​នេះ។

ប៉ុន្តែ​យុទ្ធនាការ​ចាក់​ដូស​ទីបួន មិន​បានទទួលស្វាគមន៍​ដូច​ដូស​មុនៗ​ទេ។ ផ្តើម​ដំបូង​គេ​បង្អស់​គឺ​ពាក្យ​រិះគន់​មក​ខាង​អង្គការ​សុខភាពពិភពលោក​។ ហេតុ​អ្វី ? ព្រោះ​ថ្វីបើ​ វ៉ាក់សាំង​ដូស​ទីមួយ មានប្រសិទ្ធភាពដោយ​អាច​​ផ្តល់​ភាពស៊ាំដល់​សរីរាង្គកាយ​មនុស្ស​ ហើយ​ដូសទីបួន​នឹង​បង្កើន​អត្រា​អង់ទីក័រឱ្យ​នៅកំរិត​ខ្ពស់​មែន ប៉ុន្តែបើតាមការ​សិក្សា​អ៊ីស្រាអែល វ៉ាក់សាំង​ដូស​ទីបួន​នេះ​គ្មានប្រសិទ្ធភាព​ទប់​ទល់​នឹងអូមីក្រុង​ទេ។​ ថ្នាំបង្ការ​ផលិត​ឡើង​ដោយ​ផ្អែក​លើ​គំរូ​នៃមេរោគ​កូវីដ​ដើមប៉ុណ្ណោះ។ មូលហេតុទីពីរ​ គឺ​​សង្គមលែង​ចាប់អារម្មណ៍។ បើ​តាម​ការ​សិក្សា​អ៊ីស្រាអែល​ដដែល ក្នុង​យុទ្ធនាការ​ចាក់​ដូស​ជំរុញ​ (ដូសទីបី) ពលរដ្ឋ​នាំ​គ្នា​រួសរាន់​​ទៅ​រក​ចាក់ តែ​គ្មាន​នរណា​សូវ​អើពើសោះ​​នៅពេលបើក​​យុទ្ធនាការ​ចាក់​ដូស​ទីបួន។

ដូស​ទីបួន មាន​ប្រយោជន៍​មិន​អាច​ប្រកែក​បាន​ទាំង​​ផ្នែក​វិទ្យាសាស្ត្រ​និង​សង្គម សម្រាប់​តែ​មាន​ជំងឺ​​ប្រព័ន្ធ​ការ​ពារខ្លួន​​ខ្សោយ​និង​អ្នកប្រឈម​ខ្លាំង​នឹង​មេរោគ។ ផ្ទុយ​វិញ ​គ្មាន​អ្វី​បន្ទាន់​សោះ​សម្រាប់​មនុស្ស​ធម្មតា មាន​សុខភាព​ល្អ​មាំមួន​នោះ។ ម្យ៉ាងវិញ​ទៀត គេ​អាច​រង់​ចាំ​បាន​ ព្រោះ​ពេល​នេះ ក្រុមហ៊ុន​Pfizer Moderna កំពុង​សិក្សាធ្វើ​បច្ចុប្បន្នភាព​ថ្នាំបង្ការ​សម្រប​ទៅ​នឹង​មេរោគ​កូវីដ​បំប្លែង​ខ្លួន​អូមីក្រុង​ហើយ​។ មន្ទីរ​ពិសោធន៍​ទាំង​ពី​របានសង្ឃឹម​ថា​ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ​អូមីក្រុង​នឹងអាច​ធ្វើ​ចរាចរណ៍​បាន​នៅ​រដូវ​ក្តៅ​ខាង​មុខ៕